Friday, September 2, 2016

អតីតមិត្តប្រុស កញ្ញា វ៉ាន់ នីឡា ត្រូវតុលាការចោទប្រកាន់ ពីរបទល្មើស

--
(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់អតីតមិត្តប្រុសកញ្ញា វ៉ាន់ នីឡា តារាចម្រៀងប្រចាំផលិតកម្ម Pleng Record ចំនួនពីរបទល្មើស ។​ មន្ត្រីតុលាការថ្លែងថា បច្ចុប្បន្នសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ក្រោមរូបភាពជនត្រូវចោទនៅក្រៅឃុំ ។
លោក ខាំ សុផារី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ដែលកាន់សំណុំរឿងនេះ ពុំអាចសុំការបញ្ជាក់បានទេ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយសារទូរស័ព្ទមិនអាចទំនាក់ទំនងបាន។​ ប៉ុន្តែប្រភពព័ត៌មានពីមន្ត្រីតុលាការ បញ្ជាក់ថា តុលាការសម្រេចចោទប្រកាន់ឈ្មោះ សិទ្ធិ ស័កិ្ត ​អាយុ២៦ឆ្នាំ មាន​តួនាទី​ជា​ប៉ូលិស​ស័ក្ដិ​បួន​កន្លះ និងត្រូវជាកូនមន្រ្តីប៉ូលិសពាក់ផ្កាយ៣ ដ៏មានអំណាចមួយរូប បម្រើការងារក្នុងក្រសួង​មហាផ្ទៃ ក្រោមការចោទប្រកាន់ពីបទ «បង្ហោះរូបភាពអាសអាភាសនិងអំពើហិង្សាដោយចេតនា»។
គួរបញ្ជាក់ថា រូបភាពអាក្រាតកាយជាច្រើនសន្លឹក របស់តារាចម្រៀង ប្រចាំក្នុងផលិតកម្ម Plang Records កញ្ញា វ៉ាន់ នីឡា ត្រូវបានបង្ហោះតាមបណ្ដាញសង្គម Facebook ខណៈដែលរូបអាក្រាតទាំងនោះ ត្រូវបាននាងថតក្នុងបន្ទប់ទឹក និងនៅលើគ្រែគេង។ ជាការឆ្លើយតបចំពោះអំពើអសីលធម៌នេះ កញ្ញា វ៉ាន់ នីឡា បានដាក់ពាក្យបណ្ដឹងចូលក្រសួងមហាផ្ទៃ ប្តឹងអតីតមិត្តប្រុសឈ្មោះ សិទ្ធិ ស័ក្តិ ដើម្បីទាមទារយុត្តិធម៌ ។
ក្រោយការស្រាវជ្រាវ សមត្ថកិច្ចបានបញ្ជូនសំណុំរឿងនេះ មកអយ្យការអមសាលាដំបូង រាជធានីភ្នំពេញដើម្បីចាត់ការបន្ត។ បន្ទាប់ពីដើមបណ្ដឹង គឺ កញ្ញា វ៉ាន់ នីឡា បានចូលបំភ្លឺ រីឯ ជនសង្ស័យមិនព្រមចូលបំភ្លឺរួចហើយ តុលាការក៏សម្រេចចោទប្រកាន់ឈ្មោះ សិទ្ធិ ស័ក្តិ តែម្តង ៕


ប្រភព ៖ Fresh News


គួររំលឹកថា បន្ទាប់ពីមានបញ្ហាផ្ទុះ នូវរឿងអាស្រូវ ដែលមានជនអនាមិក បង្ហោះព្រោងព្រាត នូវរូបអាក្រាតកាយ របស់ កញ្ញា វ៉ាន់ នីឡា មក នាងមិនដែលបាន បង្ហាញវត្តមាន ជាសាធារណៈ នៅលើឆាកប្រគំតន្ត្រី ដូចពេលមុនឡើយ ដែលបញ្ហានេះ គឺជាដើមហេតុធ្វើឲ្យ​ តារាស្រីរូបនេះ មានការព្រួយបារម្ភ ខ្លាចទស្សនិកជនភ្លេចមុខ និងខ្លាចបាត់ប្រជាប្រិយភាព បាត់អ្នកគាំទ្រ ដោយសារតែមិនបានបង្ហាញមុខ យូរពេក ។
សម្រាប់មូលហេតុចម្បង ដែលធ្វើឲ្យតារាស្រីរូបនេះ នៅមិនទាន់ហ៊ានបង្ហាញមុខ នៅលើឆាកតន្ត្រីច្រៀងរាំដូចមុន ព្រោះតែនាងមិនទាន់អាចផ្សះ ស្នាមដំបៅចាស់បាន នៅតែមានអារម្មណ៍ខុស និងខ្មាសអៀន ដោយកាលពីពេល ដែលកញ្ញាមានបញ្ហាដំបូង កញ្ញាធ្លាប់គិតថា ចង់បោះបង់ចោល អាជីពសិល្បៈចោល ​តែដោយសារតែ បានកំលាំងចិត្តពីគ្រួសារ បងៗអ្នកសិល្បៈ និងមហាជនទើបធ្វើឲ្យកញ្ញា រឹងមាំបែបនេះ ។
តារាចម្រៀង ប្រចាំផលិតកម្មភ្លេងរីខដ កញ្ញា វ៉ាន់ នីឡា បានប្រាប់ឲ្យដឹងថា «ខ្ញុំពិតជាមានការព្រួយបារម្ភ ខ្លាំងណាស់ ក្រោយពីបានផ្អាកការងារសិល្បៈ មួយរយៈពេលធំ ហើយពេលនេះ មូលហេតុដែលខ្ញុំមិនទាន់ ហ៊ានចេញមុខ ព្រោះថាស្នាមរបួស និងភាពខ្មាសអៀនរបស់ខ្ញុំ មិនទាន់បាត់ ប៉ុន្តែនៅក្នុងពេលឆាប់ៗនេះ​ ប្រសិនបើខ្ញុំមានបទចម្រៀងថ្មី ហើយមានឱកាសសមរម្យខ្ញុំ នឹងបង្ហាញវត្តមាន នៅលើឆាកតន្ត្រី ដើម្បីកុំឲ្យអ្នកគាំទ្រខកបំណង ដោយសារតែចិត្តខ្ញុំពេលនេះ ក្រៅពីមានសម្ពាធលើបញ្ហា ទាំងអស់នេះហើយ ខ្ញុំក៏មានបញ្ហាមួយទៀតគឺ ខ្លាចបាត់អ្នកគាំទ្រ » ។
ដោយឡែកបើនិយាយពី រឿងពាក្យបណ្តឹងវិញ កញ្ញា វ៉ាន់ នីឡា បានប្រាប់ឲ្យដឹងថា ពេលនេះបណ្តឹងកញ្ញា បានធ្លាក់ដល់ដៃតុលាការ ហើយកាលពីថ្ងៃទី១០ ខែសីហា កន្លងទៅនេះ កញ្ញាក៏បានចូលទៅបំភ្លឺ នៅតុលាការម្តងហើយ តែទោះជាយ៉ាងណាកញ្ញា ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលទៅបំភ្លឺ​ តាមការកោះហៅ របស់តុលាការ ធ្វើយ៉ាងណា ដើម្បីផ្តល់ភាពងាយស្រួល ដល់តុលាការហើយ ក្នុងបំណងពន្លឿនរឿងនេះ ឲ្យឆាប់បញ្ចប់ផងដែរ ៕





អគុណដល់ប្រភព៖ khmerload.com --